Monday, April 17, 2017

ពេលចេញមកពីបក្សសមរង្សីុ​


ពេលចេញមកពីបក្សសមរង្សីុ​ ខ្ញុំប្រាប់គេថា ខ្ញុំហ៊ានចេញមកធ្វើនយោបាយតែម្នាក់ឯងព្រោះខ្ញុំអាងថាខ្ញុំមានបេះដូងមួយដែលអ្នកនយោបាយផ្សេងទៀតគ្មានទាល់តែសោះ។​ គេស្តាប់ពាក្យខ្ញុំនិយាយហើយគេមិនតបនឹងខ្ញុំទេ​ តែគេស្ទើរតែយល់ថាខ្ញុំនិយាយដូចមនុស្សឆ្កួត​ និយាយគ្មានទិសតំបន់រកយល់មិនបាន​ តែសំរាប់ខ្ញុំ ខ្ញុំមានទំនុកចិត្តខ្លាំងណាស់ទៅលើការយល់របស់ខ្លួន​ ខ្ញុំរំលឹកខ្លួនឯងថាគេមិនយល់ពីខ្ញុំមិនមែនជាបញ្ហាទេ​ តែវាជារឿងសំខាន់និងចាំបាច់ណាស់ដែលខ្ញុំត្រូវតែយល់ពីខ្លួនឯង។ ខ្ញុំបានគិតយ៉ាងល្អិតល្អន់ពីរឿងបេះដូងដែលខ្ញុំមាន​ ដែលជាបេះដូងស្រឡាញ់​ ឈឺឆ្អាលខ្វល់ខ្វាយ​ ពិតឥតក្លែងក្លាយដែលខ្ញុុំុមានចំពោះមនុស្សខ្មែរ។ ខ្ញុំគិតថានេះជាបេះដូងក្រុមគ្រួសារ​ ខ្ញុំជាប់ជំពាក់ចិត្តនឹងខ្មែររហូតលែងមើលឃើញតំណែងជាតំណាងរាស្ត្រដែលខ្ញុំមាននៅពេលនោះថាសំខាន់ទៀតហើយ។​ ចិត្តដែលខ្វល់ខ្វាយនឹងសុខទុក្ខមនុស្សខ្មែរបានអោយខ្ញុំកំណត់ច្បាស់ថា​ បើខ្ញុំចង់រក្សាតំណែងតំណាងរាស្ត្រ​ គឺច្បាស់ណាស់ថាខ្ញុំមិនអាចជួយខ្មែរបានទេព្រោះខ្ញុំច្បាស់ណាស់ថាគណបក្សសមរង្សីុ​ មិនមែនជាគណបក្សស្រឡាញ់ជាតិពិតប្រាកដទេ​ ហើយក៏មិនអាចកែបក្សនេះអោយមកស្រឡាញ់ស្មោះត្រង់នឹងជាតិបានដែរ​។ គិតហើយគិតទៀតឃើញមានតែផ្លូវចេញពីបក្សសមរង្សីុមកបង្កើតបក្សថ្មីតែមួយគត់ដែលជាមធ្យោបាយជួយជាតិបាន។​

បើចេញមកតែម្នាក់ឯងយ៉ាងនេះ​ តើនឹងធ្វើម៉េចទៅដើម្បីឈ្នះយកការទុកចិត្តពីពលរដ្ឋអោយគ្រប់ចំនួនកំណត់បានទៅ?
ខ្ញុំគិតថាមានតែបេះដូងគ្រួសារទេដែលរុញច្រានអោយមានភាសាគ្រួសារ​ និងសកម្មភាពគ្រួសារ​ រឿងនេះ​ វាគ្រាន់តែចាំពេលវេលាមួយគ្រប់គ្រាន់តែប៉ុណ្ណោះ​ កាលណាមានពេលវេលាគ្រប់គ្រាន់​ ពលរដ្ឋនឹងពាល់ត្រូវថានេះគឺជាបេះដូងមហាគ្រួសារខ្មែរដែលពួកគាត់ត្រូវការ។​ មានតែបេះដូងគ្រួសារទេដែលអាចបង្កើតបានជាមហាគ្រួសារ​ កាលណាបង្កើតបានជាគ្រួសារ​ ចលនា​នោះ​ ប្រទេសនោះនឹងរឹងមាំណាស់គ្មានអ្វីមកបំបែកបានទេ​ ខ្ញុំយល់​ ហើយនិងជឿជាក់ថាអីចឹង។

ខ្ញុំគិតទៀតថាគេមិនអាចមានបេះដូងអាត្មានិយម​ គ្រួសារ បងប្អូនខ្លួនឯងនិយម​ មកបង្កើតចលនានយោបាយ ឬប្រទេសមួយដែលមានលក្ខណ:ជាគ្រួសារបានទេ​ នេះជាសច្ចៈធម៌។ ត្រង់ចំណុចនេះខ្ញុំឆ្លៀតនិយាយរឿងមនុស្សខ្លះដែលចាកចេញពី LDP ពីព្រោះពួកគេមិនអាចទទួលយករបៀបដឹកនាំបក្សបែបជាការដឹកនាំគ្រួសាររបស់ខ្ញុំបានបន្តិច។ ពួកគេដែលមានបេះដូងតូច​ ពួកគេមានបេះដូងស្រោបតែគ្រួសារពួកគេ​ ហើយពួកគេចង់យករបៀបដឹកនាំបែបអ្នកដទៃនឹងគ្នា​ មកអោយខ្ញុំធ្វើតាម។​ ខ្ញុំមានបេះដូងគ្រួសារ​ ខ្ញុំត្រូវតែដឹកនាំបក្សមួយនេះតាមរបៀបដឹកនាំគ្រួសារ។ ការដឹកនាំគ្រួសារមួយត្រូវប្រើការទុកចិត្តជាជាងការប្រើរចនាសម្ព័ន្ធដែលរៀបចំឡើងតាមរបៀបមិនទុកចិត្តគ្នា។​ គេរៀបចំប្រព័ន្ធព្រោះគេមិនទុកចិត្តគ្នា​ ឬគេមិនទុកចិត្តគ្នាបានជាគេរៀបចំអោយចេញជាប្រព័ន្ធតាមដានការងារគ្នា។​ ការយកប្រព័ន្ធបែបមិនទុកចិត្តគ្នាគឺប្រព័ន្ធបែបដឹកនាំក្រុមហ៊ុន​ ដឹកនាំអង្គការ​ ដឹកនាំបក្សដែលមិនមានលក្ខណ:គ្រួសារ ឬរបៀបដឹកនាំរដ្ឋមួយយកមកប្រើក្នុងក្រុមមួយដែលមានលក្ខណៈគ្រួសារ​ គឺជាការបំបែកបេះដូងគ្រួសារនោះអោយចេញជាបេះដូងអ្នកដទៃនឹងគ្នា​ នេះជាសច្ចៈធម៌។​

បក្សនយោបាយមួយដែលមានលក្ខណៈជាគ្រួសារមិនងាយស្រួលក្នុងការបង្កើតទេ​ តែបើបង្កើតបានហើយគឺវារឹងមាំណាស់​ មិនងាយនឹងបំបែកបានទេ​ យើងត្រូវតែយល់ត្រង់ចំណុចនេះ។ បេះដូងខ្ញុំ ជាបេះដូងគ្រួសារ​ ចេញពីបេះដូងនេះ​ ខ្ញុំបានបង្កើតចលនានយោបាយមួយដែលមានលក្ខណៈគ្រួសារ។​ ជាគ្រួសារ​ ដាច់ខាតគឺប្រើការទុកចិត្តជាងការប្រើប្រព័ន្ធតាមដានដែលកើតឡើងពីបេះដូងដែលមិនទុកចិត្ត​គ្នា អោយតែអ្នកដឹកនាំប្រើប្រព័ន្ធតាមដានបែបមិនទុកចិត្ត​គ្នា​ នោះបេះដូងគ្រួសារនឹងរងរបួសភ្លាម​ ហើយចលនានយោបាយមួយដែលមានលក្ខណៈគ្រួសារត្រូវបែកបាក់មកនៅត្រឹមតែជាបក្សនយោបាយមួយតែប៉ុណ្ណោះ​ ហើយចលនានយោបាយនោះនឹងមិនរឹងមាំដូចចលនានយោបាយដែលមានលក្ខណៈគ្រួសារទេ។​ ព្រោះតែខ្ញុំស្គាល់ចលនានយោបាយដែលខ្ញុំបានបង្កើតនិងកំពុងដឹកនាំច្បាស់ដូចស្គាល់បាតដៃខ្លួនឯងនេះហើយ​ ទើបខ្ញុំតែងតែរំលឹកអ្នកចូលរួមនឹង LDP ថាចាំអ្នកស្គាល់ខ្ញុំច្បាស់ហើយមានការទុកចិត្តខ្ញុំដូចជាទុកចិត្តក្រុមគ្រួសារអ្នកសិនចាំអ្នកចូលរួមជាពិសេសរឿងចូលលុយមក LDP​ បើអ្នកមិនទាន់ទុកចិត្តខ្ញុំដូចទុកចិត្តសមាជិកគ្រួសារអ្នកទេ​ សូមអ្នកកុំចូលលុយមក LDP អី​ ហើយអ្នកមិនចូលលុយរហូតក៏មិនអីដែរបើអ្នកមិនទាន់ទុកចិត្តទេ​ ខ្ញុំនឹងមិនបន្ទោសអ្នកទេព្រោះវាជាសិទ្ធិជាសេរីភាពរបស់អ្នកដែលគ្មានអ្នកណាម្នាក់មានសិទ្ធិទៅបំពានលើសិទ្ធិសេរីភាពរបស់អ្នកបានឡើយ​ តែបើអ្នកសំរេចចិត្តចូលលុយហើយ​ កុំមកនិយាយ ឬធ្វើសកម្មភាពណាមួយបែបមិនទុកចិត្តឲ្យសោះណា​ ខ្ញុំប្រាប់រួចហើយថា​ ខ្ញុំគឺអញ្ចឹង ខ្ញុំដឹកនាំអញ្ចឹង​ បើមិនទុកចិត្តកុំចូលលុយឲ្យសោះ​បើចូលហើយ ខ្ញុំសន្មត់ថាអ្នកទុកចិត្តលើខ្ញុំហើយណា​ ពេលខ្ញុំដឹងថាអ្នកបានមិនទុកចិត្តខ្ញុំ​ ខ្ញុំសែនឈឺ។ហេតុអ្វីខ្ញុំឈឺ?​ ព្រោះខ្ញុំមានអារម្មណ៍ថាគ្រួសារខ្ញុំមើលងាយទឹកចិត្តខ្ញុំ។ អ្នកដទៃមិនទុកចិត្តខ្ញុំមិនជាអីទេ​ តែគ្រួសារខ្ញុំមិនទុកចិត្តខ្ញុំ​ ខ្ញុំមានអារម្មណ៍ថា​ គេអោយតំលៃខ្លួនគេខ្ពស់​ គេអោយតំលៃលុយគេខ្ពស់ណាស់​ ខ្ពស់ជាងសេចក្តីស្មោះត្រង់នឹងការលះបង់របស់ខ្ញុំទៅទៀត។ ពេលគេធ្វើអ្វីមួយដែលខ្ញុំរកឃើញថាគេមិនទុកចិត្តខ្ញុំ​ ខ្ញុំដឹងច្បាស់ថាគេមិនបានទុកខ្ញុំជាគ្រួសារគេទេ។​ ខ្ញុំចង់និយាយទៅកាន់អ្នកនោះវិញថាអ្នកលះបង់ចំពោះចលនានេះមិនដល់ខ្ញុំទេ​ កុំអោយតំលៃលើលុយអ្នកខ្ពស់ហួសរហូតដល់ខ្ញុំកើតចិត្តមើលងាយអ្នកអី​។​ ប្រាប់ម្តងទៀតណាបើមិនទុកចិត្តកុំចូលលុយ​ បើចូលហើយអោយខ្ញុំដឹងថាអ្នកមិនទុកចិត្តខ្ញុំ​ នោះអ្នកនឹងត្រូវកាំភ្លើងធំខ្ញុំមិនខានឡើយ។

ដើម្បីអោយអ្នកកាន់តែច្បាស់ពីអារម្មណ៍ខ្ញុំ​ ខ្ញុំសូមលើកជាឧទាហរណ៍មួយ​ ថ្ងៃមួយនោះខ្ញុំបានជិះឡានទៅកំពង់សោម​ នៅតាមផ្លូវមានលក់ផ្លែគុយ​ ខ្ញុំនឹកឃ្លានគុយខ្ញុំក៏ប្រាប់ប្អូនបើកឡានអោយឈប់ទិញផ្លែគុយនោះ​ ដោយឡានវាជិតដល់កន្លែងលក់គុយនោះពេកហើយ​ ឡានត្រូវចាប់ហ្វ្រាំងយ៉ាងប្រថុចញ៉ុច​ ក្មេងស្រីអាយុប្រហែល១៣ឆ្នាំលាបសក់ក្រហមលាបម្សៅពេញមុខរបៀបមនុស្សស្រីធំមុនអាយុដែលជាអ្នកលក់ផ្លែគុយ​ វាឃើញឡានបន្ថយល្បឿនយ៉ាងគំហុកបែបនេះវាខ្លាចហួសទៅចូលកន្លែងលក់គុយផ្សេងទៀត​ វាក៏ស្ទុះចេញមកបក់ដៃយ៉ាងញាប់អោយឡានឈប់ខ្លាចឡានទៅហួសកន្លែងវាចូលដល់កន្លែងអ្នកលក់ផ្សេងទៀត។​ ពេលឈប់ឡានភ្លាមខ្ញុំនិយាយប្រាប់អ្នកក្នុងឡានទាំងអស់គ្នាបណ្តើរចុចកញ្ចក់អោយក្មេងស្រីអ្នកលក់ថ្លឹងគុយបណ្តើរ​ ខ្ញុំនិយាយថាតាមមើលរបៀបតែងខ្លួននិងរបៀបបក់ដៃអោយឡានឈប់របស់ក្មេងស្រីនេះអំបាញ់មិញ​ អញសន្និដ្ឋានថាក្មេងស្រីនេះមានចរិតមិនល្អទេ​ ខ្ញុំសួរថាគុយមួយគីឡូប៉ុន្មាន​ នាងឆ្លើយថា ២៣០០០៛​ ខ្ញុំចង្អុលថាថ្លឹងមួយចង្កោមធំនោះមក​ នាងថ្លឹងហើយ​ ពេលខ្ញុំសួរថាប៉ុន្មានគីឡូ​ នាងឆ្លើយថា២គីឡូកន្លះ​ ស្រាប់តែបងប្រុសនាងអាយុជាង២០ឆ្នាំបានរត់មកដល់រួចយកជញ្ជីងពីដៃនាងហើយថ្លឹងផ្លែគុយនោះ​ បន្ទាប់មកប្រាប់ខ្ញុំថា​ ២គីឡូ ២ខាំ។ ខ្ញុំភ្ញាក់ព្រើតមិននឹកស្មានថាក្មេងស្រីនេះបន្លំភ្នែកជញ្ជីងអញ្ចឹងសោះ​ ខ្ញុំក៏ស្តីអោយថា​ ពូថាមិនខុសទេ​ ឃើញរបៀបតែងខ្លួននិងចរិតបក់ដៃហៅឡានអោយឈប់ហ្នឹងដឹងតែថាក្មួយស្រីជាមនុស្សរបិញរបុញថោកទាបហ្មង​ ឥឡូវមែន។ ​ខ្ញុំនឹកស្មានថានាងអន់ចង់ហើយ​ ដឹងអីនាងសើចអោយកក្អឹក​ ឃើញហើយក្តៅឆេវ​ ក៏បន្តថែមទៀតថា​ ចរិតមនុស្សថោកទាបទាំងឡាយគឺបែបហ្នឹង​ ធ្វើរឿងថោកទាបពេលគេទាន់គេស្តីអោយ​ វាតែងតែមិនដែលឈឺចាប់ទេ​ គឺនៅតែអាចសើចខឹកៗធម្មតា​ វាមុខក្រាស់មិនចេះឈឺចាប់អីចឹងទើបអាចធ្វើរឿងថោកទាបបាន​ បើមនុស្សចេះឈឺគេនិយាយប៉ះច្បាស់ជាក្តៅឆេវ​ ហើយមិនអាចធ្វើរឿងថោកទាបបែបនេះកើតទេ​។

ខ្ញុំចង់ប្រាប់គ្នាយើងដែលត្រឹមត្រូវលះបង់ច្រើន​ ធ្វើការហត់​ ស្មោះត្រង់​ ពេលអ្នកចូលលុយដែលអោយតំលៃតែលើលុយខ្លួនជាធំមើលមកគេហ្នឹងល្អស្មោះត្រង់មិនស្មើខ្លួន​ នោះធ្វើអោយយើងក្តៅភ្លាម​ចង់ប្រាប់ថាអ្នកឯងមិនល្អមិនស្មោះត្រង់មិនលះបង់ស្មើនឹងយើងទេ​ ប្រាប់ហើយតើចាំទុកចិត្តមានអារម្មណ៍ថាជាបងប្អូនចាំចូលលុយ​ បើចូលហើយនៅធ្វើឫកដូចលុយខ្លួនវាអស្ចារ្យពេក​ ជៀសមិនផុតពីកាណុងធំរបស់ខ្ញុំទេ​ នេះជាអារម្មណ៍អ្នកស្មោះ​ និយាយគងលើមិនបានទេ។ប្រាប់ម្តងទៀតកំុធ្វើការជាមួយមនុស្សដែលអ្នកមិនទុកចិត្តគ្មានផលល្អទេ។​ សំរាប់ខ្ញុំដែលមានអារម្មណ៍ថាគ្រួសារ​ ខ្ញុំមើលមនុស្សមុន​ បើខ្ញុំមានអារម្មណ៍ថាបងប្អូនកូនក្មួយហើយទើបខ្ញុំប្រើ​ អីចឹងហើយបានជាដូចជាវេទិកានៅតាមខេត្តដែលប្រើលុយច្រើនៗ​ ខ្ញុំតែងតែរំលឹកថាបើខ្វះលុយប្រាប់មកចុះ​ អ្នកទទួលខុសត្រូវខេត្តខ្លះខ្ញុំសួរថាវេទិការួចនៅខ្វះលុយរៀបចំប៉ុន្មានហ្នឹង?​ គ្នាខ្លាចយើងសង្ស័យគ្នា​ គ្នានិយាយមកកាន់ខ្ញុំថា​ ចាំខ្ញុំផ្ញើបញ្ជីចំណាយទៅអោយបង ឬពូមើល​ ខ្ញុំគំហគទៅវិញថា​ បង ឬពូមិនត្រូវការមើលបញ្ជីចំណាយទេ​ ប្រាប់តែចំនួនទឹកលុយដែលត្រូវការយកទៅប្រើមកបានហើយ​ បើអ្នកនោះនៅតែអេះអុញចង់ផ្ញើបញ្ជីចំណូលចំណាយអោយខ្ញុំមើលទៀត​ ខ្ញុំតែងតែសួរថា​ តើប្អូន ឬក្មួយទុកពូ ឬបងនៅត្រង់ណាក្នុងខ្លួនប្អូនឬក្មួយ? បងមិនមែនជាបងជាពូ ឬជាពុកក្មួយទេឬ បានជាក្មួយផ្ញើបញ្ជីចំណូលចំណាយអោយពូបែបនេះ​?​ តើបង​ ពូ ឬឪពុកប្រើប្អូន​ ប្រើក្មួយប្រើកូនអោយធ្វើការត្រូវការបញ្ជីចំណូចំណាយមកវិញដែរឬ? បង​ពូ​ ពុកប្រើតែមនុស្សដែលបង​ ដែលពូដែលពុកទុកចិត្តទេ​ បើមិនទុកក្នុងចិត្តថាប្អូន​ ក្មួយ​ កូនមិនមែនជាគ្រួសារទេ​ នោះបង​ពូ​ ពុកមិនប្រើអ្នកទាំងអស់គ្នាទេ​ បងពូពុក​ មានអារម្មណ៍ជាគ្រួសារមុនហើយទើបបងពូពុកប្រើប្អូនក្មួយនិងកូន។

ខ្ញុំរំលឹកជាញឹកញាប់អ្នកនៅតាមខេត្ត​ ខ្ញុំប្រាប់ថាលុយដែលអ្នកទាំងអស់គ្នាសន្សំទុកធ្វើការងារផ្សេងៗតាមខេត្ត​ បើបងប្អូនរបស់កូនត្រូវការដោះទាល់រឿងឯកជនក៏ដោយបើលុយនោះទំនេរសមល្មមជួយបានជួយគ្នាទៅ។​ នេះជាគ្រួសារយើងបើពួកកូនមានអារម្មណ៍ថាជាគ្រួសារហើយ​ ម្តេចបងប្អូនកូនឈឺចាប់កូនមិនឈឺចាប់នោះ​ នោះមានតែកូនកុហកគេ​ ការពិតកូនមិនស្រឡាញ់ពួកគេជាបងប្អូនក្រុមគ្រួសារទេ​ តែកូនត្រូវមើលអោយច្បាស់ថាអ្នកណាជាក្រុមគ្រួសារកូន​ អ្នកណាមកបន្លំ​ បើជាគ្រួសារហើយជួយគ្នាទៅ។ នេះជារបៀបដឹកនាំបែបគ្រួសារ​ ព្រោះបេះដូងយើងជាបេះដូងគ្រួសារមុនទៅហើយ​ ម្លោះហើយរបៀបចាត់ចែងការបែបគ្រួសារនឹងមានតាមក្រោយ។ ការចាត់ចែងការរបៀបគ្រួសារនេះ​ សំរាប់អ្នកមានបេះដូងអាត្មានិយម​ ស្រឡាញ់តែសាច់ញាតិគ្រួសារខ្លួនយល់មិនបានទេ​ គេជំទាស់នឹងយើងរហូតហើយគេស្មានថាគេហ្នឹងល្អជាងយើងទៅទៀត​ ការពិតមកពីចិត្តគេ​ យើងមិនមែនជាគ្រួសារគេទេតែប៉ុណ្ណោះ។​ ត្រូវចាំថាការបង្កើតអោយបានជាគ្រួសារក្រៅផ្ទៃមាតាមិនមែនជារឿងងាយស្រួលអ្នកណាក៏ចេះតែធ្វើបាននោះទេ​ មនុស្សមានបេះដូងតូចៗស្រឡាញ់តែក្រុមសាច់ញាតិគ្រួសារខ្លួនមិនអាចដឹកនាំបង្កើតក្រុមគ្រួសារក្រៅផ្ទៃបានទេ​ កុំថាតែគ្រួសារធំ​ ដឹកនាំតែក្រុមការងារមួយដែលមានគ្នា២០ទៅ៣០នាក់ក៏មិនបានផង។ ត្រូវចាំថាចលនាមួយដែលមានលក្ខណៈគ្រួសារជាចលនារឹងមាំណាស់មិនងាយស្រួលបង្កើតបានឡើយ​ ហើយបើមានអ្នកណាមួួយអោយយោបល់យកការដឹកនាំបែបមិនទុកចិត្តគ្នាមកដឹកនាំចលនាគ្រួសារគឺស្មើនឹងបំបែកគ្រួសារនោះអោយនៅត្រឹមតែក្រុមនយោបាយ ឬក្រុមការងារ ឬក្រុមហ៊ុនមួយប៉ុណ្ណោះ​ មនោសញ្ចេតនាគ្រួសារបងប្អូននឹងត្រូវកំទេចចោលដោយប្រព័ន្ធមិនទុកចិត្តគ្នានោះ។​

គេច្រើននិយាយថាយើងរៀបចំប្រព័ន្ធអញ្ចឹង ទៅដើម្បីអោយមានការទុកចិត្តគ្នា​ មានន័យថាគេមិនទុកចិត្តគ្នាទេបានជាគេរៀបចំជាប្រព័ន្ធនោះឡើង​ ចំណែក LDP ខ្ញុំនិយាយថាចាំទុកចិត្តចាំចូលរួមចាំទុកចិត្តចាំចូលលុយ។​ មនុស្សមានបេះដូងតូចមិនអាចបង្កើតក្រុមគ្រួសារក្រៅផ្ទៃបានទេ​ ព្រោះតែខ្ញុំយល់បែបហ្នឹងហើយទើបខ្ញុំចង់តែសើចនឹងមនុស្សដែលអន់ចិត្តនឹងខ្ញុំរួចចេញពី LDP ពួកគេបានទៅប្រមូលផ្តុំគ្នា​ ជួនកាលខ្ញុំឃើញពួកគេផុសរូបថតពួកគេទៅលេងគ្នាដល់ផ្ទះមានផ្លែឈើយួរនឹងដៃទៅជូនគ្នាហាក់ដូចជាស្រឡាញ់រាប់អានគ្នាជាគ្រួសារអីចឹង​ ខ្ញុំច្បាស់ណាស់ថាពួកគេទាំងនោះមានបេះដូងតូចៗណាស់​ មនុស្សបេះដូងតូចដាច់ខាតមិនអាចបង្កើតគ្រួសារក្រៅផ្ទៃបានទេ​ ពួកគេទៅជុំគ្នាព្រោះពួកគេស្អប់ខ្ញុំអន់ចិត្តនឹងខ្ញុំរួមគ្នាតែប៉ុណ្ណោះ​ តែពួកគេមិនមែនជាគ្រួសារនៃមនុស្សមានបេះដូងតូចទេ​ ព្រោះបេះដូងតូចមិនអាចបង្កើតបានគ្រួសារក្រៅផ្ទៃបានឡើយ។ អញ្ចឹង ហើយបានជាខ្ញុំសើច​ នឹកគិតថាមិនយូរទេពួកគេមុខតែបែកគ្នាវិញមិនខាន។ គ្មានដែលខុស​ ចុងក្រោយឃើញអីចឹងមែន​។ នេះហើយជារឿងដែលខ្ញុំអាងលើបេះដូងខ្លួនឯងដើម្បីធ្វើនយោបាយនោះ៕

Tuesday, March 19, 2013

Khem Veasna -CAMLDP


Khem Veasna -CAMLDP


សមាជលើកទី១របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ